លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីសេចក្តីព្រាងច្បាប់អធិការកិច្ច

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់អធិការកិច្ច នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

លោកជំទាវក៏បានថ្លែងនូវការកោតសសើរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ ដើម្បីចូលរួមជាមតិយោបល់យ៉ាងផុសផុលនៅក្នុងអង្គសិក្ខាសាលារយៈពេលពេញមួយថ្ងៃដ៏មានសារៈសំខាន់នេះ។

លោកជំទាវក៏បានលើកឡើងផងដែរអំពី គោលបំណងនៃការតាក់តែងច្បាប់នេះ គឺក្នុងន័យកំណត់អំពីការដឹកនាំ និងការគ្រប់គ្រងលើវិស័យអធិការកិច្ចប្រកបដោយនិរន្តរភាព ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងនីតិរដ្ឋ និងមានគោលដៅជំរុញស្ថាប័នសាធារណៈ ស្ថាប័នមិនមែនរដ្ឋឱ្យបំពេញភារកិច្ចប្រកបដោយសក្តានុពលភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបង្ការ ទប់ស្កាត់ កែលម្អ រាល់បទល្មើសអធិការកិច្ច ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសផងដែរ៕