លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​​រាជធានីភ្នំពេញ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ រាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៧ និងលើកទិសដៅបន្ត

ដើម្បីជម្រុញការគាំទ្រ និងតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ។

ឆ្លៀតក្នុងឱកាសលោកជំទាវក៏បានមានប្រសាសន៍ថា៖ ការចុះមូលដ្ឋានរបស់យើងគឺមានសារសំខាន់ណាស់ ដែលធ្វើឲ្យក្រុមការងារអាចឈ្វេងយល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យល់ពីតំរូវការចាំបាច់របស់ប្រជាពលរដ្ឋសំរាប់លើកឡើងមកដោះស្រាយនៅថ្នាក់ជាតិ និងយល់ពីសកម្មភាពការងាររបស់មន្ត្រីមូលដ្ឋាន អាចពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវសមិទ្ធិផល និងស្នាដៃធំៗដែលរាជរដ្ឋាភិបាលសម្រេចបានទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

លោកជំទាវក៏បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ ត្រូវជម្រុញការផ្តល់សេវាសាធារណៈឲ្យបានល្អ ប្រព្រឹត្តតែអំពើល្អ ចូលរួមថែរក្សានូវសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេស រួមគ្នាធ្វើឲ្យមានសន្តិភាព និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងចូលរួមថែរក្សា និងផ្សព្វផ្សាយនូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលសម្រេចបាន៕